ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមសន្និសិទអាស៊ានលើកទី២ ស្តីពីការបង្ការបទល្មើសព្រហ្មទណ្ឌ និងយុត្តិធម៌ព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសហការរៀបចំដោយវិទ្យាស្ថានយុត្តិធម៌ថៃ និងលេខាធិការដ្ឋានអាស៊ាន និងមានការចូលរួមពីប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ តំណាងអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម តំណាងអង្គការអន្តរជាតិ អ្នកជំនាញអន្តរជាតិ ក្រសួងយុត្តិធម៌ថៃ វិទ្យាស្ថានយុត្តិធម៌ប្រទេសថៃ វេទិកាយុវជន និងលេខាធិការដ្ឋានអាស៊ាន សរុបប្រមាណ ៣០០នាក់។ សន្និសិទអាស៊ានលើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ ៖ «ការលើកកម្ពស់វប្បធម៌អាស៊ាននៃយន្តការបង្ការ ដើម្បីយុត្តិធម៌ក្រោមសា្មរតីកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ សម្រាប់ទាំងអស់គ្នា» ដែលធ្វើឡើងក្នុងគោលបំណង៖
– ផ្លាស់ប្តូរកិច្ចសន្ទនាក្នុងចំណោមអន្តរផ្នែកនិងអន្តរវិសយរបស់អាស៊ាន ស្តីពីវិធានការដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងបទល្មើសបច្ចេកវិទ្យា ដែលនៅក្នុងនោះបទល្មើសគ្រឿងញៀនតាមប្រពន្ធអនឡាញ
– ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានមកពីផ្នែក និងអង្គភាពផ្សេងៗរបស់អាស៊ាន ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ពាក់ពន្ធនឹងការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលនៅក្នុងនោះបទល្មើសគ្រឿងញៀនតាមប្រពន្ធអនឡាញ
– លើកកម្ពស់ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីបទល្មើសបច្ចេកវិទ្យាក្នុងតំបន់អាស៊ាន ដែលនៅក្នុងនោះបទល្មើសគ្រឿងញៀនតាមប្រពន្ធអនឡាញ
ឯកឧត្តម ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទទី១៖ «ការលើកកម្ពស់យន្តការបង្ការតាមរយៈវប្បធម៌នៃអភិបាលកិច្ចល្អ និងការគោរព»(Promoting prevention through a culture of good governance and respect) ដោយឯកឧត្តមចូលរួមផ្តល់បទពិសោធន៍អំពីយន្តការអប់រំបង្ការគ្រឿងញៀន នៅក្នុងក្របខណ្ឌជាតិ និងតំបន់ តាមរយៈការអនុវត្តផែនការការងារអាស៊ានស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០១៦-២០២៥។