ខេត្តរតនគិរី៖ ថ្ងៃពុធ ១០រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
យោងតាមកំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុញៀន ដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ និងសារធាតុគីមីផ្សំ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការបង្កើតការិយាល័យទំនាក់ទំនងព្រំដែន BLO រវាងកម្ពុជា និងវៀតណាម
នៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមកម្មវិធីបើកដាក់អោយដំណើរការនៃការិយាល័យទំនាក់ទំនងព្រំដែន (BLO) អូរយ៉ាដាវ ខេត្តរតនគិរី ដែលជាជំនួយរបស់ រដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលកម្មវិធីនេះមានការចូលរួមពី ឯកឧត្តម មួង ប៉ាង អភិបាលស្តីទីនៃគណៈអភិបាលខេត្តរតនគិរី និងជាតំណាងគណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោក Suzuki Hironori ទីប្រឹក្សាឯកអគ្គរដ្ឋទូតនៃ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកការិយាល័យទំនាក់ទំនងព្រំដែន (BLO) អូរយ៉ាដាវ ខេត្តរតនគិរី។
ការបើកដំណើរការ ការិយាល័យទំនាក់ទំនងនេះក្នុងគោលបំណងក្នុងការផ្លាស់ប្តូរព័ត៌មាន រវាងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ជាមួយ ការិយាល័យទំនាក់ទំនងព្រំដែនវៀតណាម ដើម្បីទប់ស្កាត់អោយទាន់ពេលនូវរាល់ឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរនៅតាមបណ្តោយព្រំដែន។ សូមជម្រាបផងដែរថាក្នុងពេលជាមួយគ្នានេះ ខាងភាគីវៀតណាមនឹងកំពុងធ្វើពិធីបើកដាក់ ឱ្យដំណើរការ ការិយាល័យទំនាក់ទំនងព្រំដែន (BLO)ខេត្តហ្គាឡាយ ពីព្រំដែនខាងភាគីវៀតណាម ផងដែរ។