កម្ពុជា​-UN និងបណ្តារដ្ឋជាហេត្ថលេខីនៃមហាអនុតំបន់ទន្លេមគង្គបានឯកភាពរួមគ្នាធ្វេីឱ្យប្រសេីរឡេីងនៅផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងបន្តយន្តការMOU

1504

រាជធានីភ្នំពេញ​ :ថ្ងៃទី​៩​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ អស់រយ:ពេលពេញ០១ថ្ងៃ​ ដែលកម្ពុជា​-UN និងបណ្តារដ្ឋជាហេត្ថលេខីនៃមហាអនុតំបន់ទន្លេមគង្គទាំង៦​ កម្ពុជា​ ចិន​ ឡាវ​ វៀតណាម​ថៃ​ និងម៉ីយ៉ាន់ម៉ា​ បានបន្តកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ពិនិត្យទៅលេីផែនការសកម្មភាពអនុតំបន់ទី១១ ដែលរៀបចំឡើងដោយអង្គការ UNODC អនុម័តក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ​ ហេីយការអនុវត្តផែនការសកម្មភាពអនុតំបន់ទី១១នេះ គឺមានសារៈសំខាន់និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។ក្នុងឱកាសនោះ​ លោក Jeremy Douglas បានថ្លែងអំណរគុណនិងកោតសរសើរដល់កម្ពុជា ជាម្ចាស់ផ្ទះ ដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយភាពភាពបត់បែនសម្របសម្រួលទៅនឹងស្ថានភាពបច្ចុប្បន្ន​ បណ្តារដ្ឋជាសមាជិកបានបន្តការប្តេជ្ញាចិត្តប្រកបដោយឆន្ទះមុតមាំក្នុងការធ្វើការរួមគ្នាជំនះឧបសគ្គនៃជំងឺរាតត្បាតកូវីដ-១៩​ បង្រ្កាបទប់ស្កាត់បង្រ្កាបឈ្មួញឆក់ឱកាសជួញដូរដឹកជញ្ជូនគ្រឿងញៀនសំយោគនៅក្នុងតំបន់ទន្លេមេគង្គ​ បន្តដោះស្រាយបញ្ហាប្រឈមអង្គភាពអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗ និងគម្រោងកម្មវិធីនានារបស់ អង្គការ UNODC នៅថ្នាក់តំបន់​ ដោយបន្តធ្វេីការលើកទឹកចិត្តពីកិច្ចខិតខំប្រឹងប្រែងជាច្រើនដែលសម្រេចបានទាំងថ្នាក់ជាតិ និងថ្នាក់តំបន់​ ចែករំលែកនូវព័ត៌មាននិងទិន្នន័យឱ្យបានទាន់ពេលវេលាប្រេីប្រាស់យន្តការ អង្គការ UNODC ជាស្ពានដើម្បីតភ្ជាប់ព័ត៌មានគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងនិន្នាការ និងស្ថានភាពវិវត្តថ្មីៗនៅក្នុងប្រទេសនីមួយៗ។ក្នុងឱកាសនោះ​ដែរ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានថ្លែងដោយអរគុណដល់សមាជិកពីបណ្តារដ្ឋជាហត្ថលេខីទាំងអស់​ ពិសេសលោក Jeremy Douglas តំណាងអង្គការ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ដោយយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ធ្វើការពិនិត្យពិភាក្សាយ៉ាងផុលផុស និងចំហរក្នុងន័យស្ថាបនា ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ។ ជាមួយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បា​នបញ្ជាក់ជូនថា​ ការឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនពិតជាមិនមានប្រសិទ្ធភាព និងនិរន្តរភាពឡើយ ប្រសិនបើយើងគ្មានឆន្ទៈមោះមុត និងគ្មានកិច្ចសហប្រតិបត្តិការល្អរវាងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិទេនោះ។ផ្អែកលើស្ថានភាពជាក់ស្តែង និងនិន្នាការនៃការផលិត ចរាចរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងបណ្តាប្រទេសជាសមាជិក ក៏ដូចជាក្នុងបណ្តាប្រទេសដទៃទៀតទាំងក្នុង និងក្រៅតំបន់ ហេីយយន្តការ MOU របស់យើងនៅតែជាយន្តការដ៏មានសារៈសំខាន់ និងចាំបាច់បំផុត ពិសេសផែនការសកម្មភាពអនុតំបន់ដែលយើងទើបបានពិភាក្សានិងឯកភាពគ្នាមុននេះបន្តិច ពិតជានឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់រាល់បទល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងក្របខណ្ឌជាតិ ក្របខណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ ។ ជាមួយគ្នានេះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ក៏បានថ្លែងលើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកទាំងអស់ បន្តចូលរួមអនុវត្តឱ្យបានសកម្មថែមទៀតនូវរាល់ខ្លឹមសារដែលបានឯកភាពគ្នា ហេីយជំហរកម្ពុជាគឺមោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសចូលរួមចំណែកយ៉ាងសកម្ម និងតាមគ្រប់លទ្ធភាព ក្នុងការលើកស្ទួយយន្តការ MOU រួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់ការប៉ុនប៉ងលួចលាក់ផលិត ចរាចរ និងប្រើប្រាស់ ដោយខុសច្បាប់នូវគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រប់ប្រភេទ ។ ទន្ទឹមនឹងនេះ​ ស្នេីសុំអង្គការUNODC បន្តកៀរគរជំនួយ និងជួយគាំទ្រដល់ដំណើរការអនុវត្តផែនការសកម្មភាពអនុតំបន់របស់យើង ឱ្យទទួលបានលទ្ធផលល្អប្រសើរតាមទិសដៅដែលបាន​​កំណត់ ។