នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ :​ បងប្អូនអតីតយុទ្ធជនកម្ពុជាត្រូវចេះរួបរួមសាមគ្គី​ ស្រលាញ់រាប់អានគ្នា​ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ​ !

558

រាជធានីភ្នំពេញ​:ថ្ងៃ​ទី១៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងអនុប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញជាអធិបតីក្នុងខួបលេីកទី១២​ ទិវាអតីតយុទ្ធជនកម្ពុជា២១​មិថុនា​ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ អភិបាល​ខេត្ត​ និងឯកឧត្តម​ លោកជំទាវ​ នាយឧត្តមសេនីយ៍​ ឧត្តមសេនីយ៍​ មកពីក្រសួង​ស្ថាប័ន​ អង្គភាព​ និងសមាជិកអតីតយុទ្ធជន​ចូលរួមជាង៣០០០នាក់​ នៅសាលមហោស្រព​កោះពេជ្រ​។

ក្នុងមតិរបស់ឯកឧត្តម​ គន់​ គីម​ អនុប្រធាន​ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន​ និងឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ សុទ្ធតែបានលេីកឡេីងពីការតស៊ូរបស់អតីតយុទ្ធជន​ក៏ដូចជាការរីកចម្រើន​របស់សមាគមអតីតយុទ្ធជន​កម្ពុជា​ ។

ក្នុងឱកាសនោះ​ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានលំអោនកាយគោរព​ និងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបងប្អូនវិរយុទ្ធជន​ វិរយុទ្ធនារីកម្ពុជាទាំងអស់ដែលបានធ្វេីពលិកម្មដ៏ធំធេងដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ​ ចងចាំជានិច្ចនូវគុណូបការ:ដ៏ឧត្តុងឧត្តមរបស់វិរកម្មាភិបាល​ វិរយុទ្ធជន​ យុទ្ធនារី​ ប្រជាជន​ និងអ្នកស្នេហាជាតិបូជាសាច់ស្រស់​ ឈាមស្រស់​ ក្នុងសមរភូមិដេីម្បីរំដោះជាតិមាតុភូមិ​ ដេីម្បីរំដោះជាតិមាតុភូមិពីកណ្តាប់ដៃរបបប៉ុលពត​ និងបានជួយសង្រ្គោះជិវិតបងប្អនប្រជាជន​ សង្គមជាតិឲ្យរស់ឡេីងវិញ​ រួមដំណេីររួបរួមផ្សះផ្សាជាតិធ្វេីឲ្យយេីងមានសន្តិភាព​ ការអភិវឌ្ឍ​ លទ្ធិប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក្នុងសម្តេចតេជោនាយករដ្ឋមន្រ្តី​ បានអំពាវនាវ​ដល់ឯកឧត្តម​ លោកជំទាវ​ អ្នកឧកញ៉ា​ លោកឧកញ៉ា​ សប្បុរសជន​ ដៃគូអភិវឌ្ឍន៍​ អង្គការមិនមែនរដ្ឋាភិបាល​ជាតិ​ អន្តរជាតិ​ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​រាជធានី​ខេត្ត​ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​សូមបន្តជួយឧបត្ថម្ភ​គាំទ្រថវិកា​ និងសម្ភារ:ដល់សមាគមអតីតយុទ្ធជនកម្ពុជាយេីង​ ដេីម្បីកសាងលំនៅដ្ឋាន​ និងហេដ្ឋរចនាសម្ព័ន្ធចាំបាច់មួយចំនួនដល់បងប្អូនអតីតយុទ្ធជន​ ដែលមានជីវភាពលំបាកជួយពួកគាត់ឲ្យមានសមត្ថភាព​ លទ្ធភាព​ សមាហរណកម្ម​ ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិយេីងនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាគ្រប់រូបត្រូវចេះរួបរួមសាមគ្គី​ ចេះស្រលាញ់រាប់អានគ្នាទៅវិញទៅមកដូចបងប្អូនក្នុងមហាគ្រួសារតែមួយ​ ហេីយយកស្មារតីទិវានេះនឹងនៅជាអមត:ដោយរួមគ្នាធានាការពារឲ្យបានសុខសន្តិភាព​ ស្ថិរភាពនយោបាយមួយរឹងមាំរក្សាបានគង់វង្សនូវស្មារតីសាមគ្គីជាតិ​ ឯកភាព​ជាតិ​ ទោះត្រូវបង់ក្នុងតម្លៃណាកដោយ។

ជាមួយគ្នានេះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានពាំនាំយកអំណោយជាថវិការបស់សម្តេចតេជោ​ ឧបត្ថម្ភដល់:
១.សមាជិកអតីតយុទ្ធជនចំនួន២៥០០នាក់ម្នាក់ៗទទួលបានថវិកា​២០ម៉ឺនរៀល​ ២.កងកិត្តិយស​ ត្រែទ័ព​ ថវិកា​ ២លាន​រៀល​ និងឧបត្ថម្ភគណកម្មការរៀបចំទិវា​ ថវិកា​១០លានរៀល។

ក្នុងទិវាដ៏មហោឡារឹក​នោះ​ តបតាមការអំពាវនាវរបស់សម្តេចតេជោ​ នាយឧត្តមសេនីយ៍​ផុតលេខផ្កាយមាស៥​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ទទួលបានការចូលរួមជាថវិកា​ពីសប្បុរស​ជនបានប្រមាណជាង៧០ម៉ឺនដុល្លា​រ​ និងសូមបន្តចូលរួមបន្ថែមទៀត។