គ្រឿងញៀនបំផ្លាញសុខភាពអ្នកនិងសុភមង្គលគ្រួសារអ្នក។ រួមគ្នាធ្វើសម្មភាពដើម្បីសុខភាពនិងសហគមន៏គ្មានគ្រឿងញៀន

បាងកក​ប្រទេស​ថៃ ៖ នៅ​ថ្ងៃទី ១១ ខែ​សីហា ឆ្នាំ ២០១៦​នេះ តប​តាម​ការអញ្ជើញ​របស់​ភាគី​ថៃ ឯកឧត្តម កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ជួប​ភាក្សា​ការងារ​ជាមួយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ផៃ​បូ​ន កុំ​ឆាយ៉ា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ និង​ជា​តំណាង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រវាង​កម្ពុជា​-​ថៃ​។​ ​ក្នុង​ឱកាស​នោះ ឯកឧត្តម កៅ ខុន​ដា​រ៉ា បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ ដែល​តែងតែ​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​នា​ពេលកន្លងមក ដោយបាន​ផ្តល់​នូវ​ជំនួយ​ជា​សម្ភារៈ បណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​នូវ​បទពិសោធន៍ លើ​ការងារ​អនុវត្ត​ច្បាប់ ការវិភាគ​គ្រឿងញៀន ការអប់រំ​បង្ការ ការព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​កិច្ចសហការ​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេលកន្លងមក ជាពិសេស​គម្រោង​ជំនួយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (LOA) កម្ពុជា​-​ថៃ ឆ្នាំ​២០១៥ និង ឆ្នាំ​២០១៦ ដែល​មាន​ទឹង​ប្រាក់​សរុប​ជាង​២០​ម៉ឺន​ដុល្លា​អា​មរិក ។​ ​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ផៃ​បូ​ន កុំ​ឆាយ៉ា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ បាន​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​គ្រឿង​ប្រកបដោយ​ប្រសិទ្ធភាព​នា​កន្លងមក ។​ ​ឯកឧត្តម កៅ ខុន​ដា​រ៉ា ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​កង្វះខាត​មួយចំនួន​ក្នុង​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រវាង​ប្រទេស​ទាំង​ពីរ ដូចជា ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​បទល្មើស​គ្រឿងញៀន​នៅ​មូលដ្ឋាន​ខ្លះ​ធ្វើ​ឡើង​មិន​ទាន់ពេលវេលា សកម្មភាព​រួមសហកា​រ​ឃោសនាអប់រំ ផ្សព្វផ្សាយ​បទល្មើស​គ្រឿងញៀន​នៅ តាម​មូលដ្ឋាន​នៅមានកម្រិត ។ សកម្មភាព​របស់​ការិយាល័យ BLO នៅ​មិនទាន់មាន ប្រសិទ្ធិភាព​ខ្ពស់​នៅឡើយ ការឆ្លើយតប​ទៅនឹង​សំណើ​នៃ​ការចាប់ខ្លួន ឬ បញ្ជាក់​អត្តសញ្ញាណ​របស់​ជនល្មើស​នៅមាន​ការឆ្លើយតប​យឺតយ៉ាវ​។​ ​ដើម្បីអោយ​ការត្រួតពិនិត្យ​គ្រឿងញៀន​កាន់តែ​តែមាន​ប្រសិទ្ធិភាព​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស ធ្វើអោយ​ប្រសើរ​ដល់​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រវាង​បណ្តា​ខេត្ត ស្រុក នៅ​ជាប់​ព្រំដែន ភាគី​ទាំងពីរ​បាន​ឯកភាព​លើ​សកម្មភាព​មួយចំនួន​ដ​ដូចខាងក្រោម​៖ • ជម្រុញ​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​ថៃ លើក​ទី​១០ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ដែល​បាន​ធ្វើ​នៅ​ខេត្តសៀមរាប​ឆ្នាំ​២០១៦​នេះ​។​ • បន្ត​និង​ជម្រុញ​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន អោយបាន​ខ្លាំងក្លា​បន្ថែមទៀត និង​ត្រូវ​រៀបចំ​ប្រជុំ​ប្តូរ​វេន​គ្នា​អោយបាន​ទៀងទាត់ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​បង្ក្រាប​គ្រឿងញៀន​។​ • ជម្រុញ​សកម្មភាព​ទំនាក់ទំនង​សហប្រតិបត្តិការ​ផ្លាស់ប្តូ​រព​ត៌មាន​រវាង​មន្ត្រី ការិយាល័យ BLO នៃ​ភាគី​ទាំងពីរ អោយ​កាន់តែ​ជិតស្និត​សំដៅ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​អោយ​មាន​ប្រសិទ្ធិភាព​ថែមទៀត​។​ • បន្ត​លើកកម្ពស់​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល់ ប្រជាជន​នៅតាម​ព្រំដែន ដើម្បី​កសាង​សហគមន៍ ភូមិ សាលារៀន​គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន​។ តាមរយៈ​នេះ ភាគី​ទាំងពីរ​នឹង​បង្កើត​ឯកសារ ចាំបាច់​មួយ​ចំនួន​ជា​ពីរ​ភាសា ទាំង​ភាសា​ខ្មែរ និង ភាសា​ថៃ ដើម្បី​អប់រំ​យល់ដឹង​ពី​បញ្ហា​គ្រឿងញៀន សំដៅ​ទប់ស្កាត់​ការ​ចរាចរ ការប្រើប្រាស់​គ្រឿងញៀន និង​ការ​ទៅ​ទទួល​សេវា​ព្យាបាល​គ្រឿងញៀន​នៅតាម​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​យើង​ទាំងពីរ និង​ត្រូវ​បង្កើត​យន្តការ​ដឹកនាំ និង កសាង​ខ្លឹមសារ ភូមិ ឃុំ គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន ។ ដើម្បី​ដំណើរ​ការងារ​នេះ​ភាគី​ថៃ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ និង ឡាវ ដើម្បី​ពិភាក្សា​លំអិត​លើ​ការងារ​នេះ​។​ ​ក្នុងជំនួប​នោះ​ដែរ ភាគី​ថៃ​បានប្រគល់​សម្ភារៈ​ជា​និមិត្តរូប​នូវ​រថយន្ត Pick up ចំនួន ០២ គ្រឿង ម៉ូតូ​ចំនួន ២០ គ្រឿង ម៉ាស៊ីន​វិភាគ​គ្រឿងញៀន ០១ គ្រឿង ទូក​ល្បាត ០១ គ្រឿង តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន ២០.០០០ តេស្ត និង​សារធាតុ​គីមី​សម្រាប់​តេស្ត​គ្រឿងញៀន​មួយចំនួន សម្រាប់ អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង អង្គភាព​អនុវត្ត​ច្បាប់​មួយ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ។​ ​នៅ​ឆ្នាំ​២០១៧ នេះ ភាគី​ថៃ​សន្យា​ផ្តល់​ជំនួយ​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន សម្រាប់​ការពង្រឹង​សមត្ថភាព​មន្ត្រីអ​នុវ​ត្តច្បាប់ និង​ឧបករណ៍​សម្ភារ​សម្រាប់​បម្រើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នូវ​ទឹកប្រាក់​ប្រហែល ១៦០,០០០ ដុល្លា​អាមេរិក​​៕​

ចំនួនអ្នកទស្សនា

661561
ថ្ងៃនេះ
ម្សិលមិញ
សប្តាហ៏នេះ
សប្តាហ៏មុន
ខែនេះ
ខែមុន
213
593
4798
651943
16881
23718